អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់មន្ត្រី ក្រុមគ្រួសារមន្ត្រី និងជនជាប់ឃុំ

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់មន្ត្រី ក្រុមគ្រួសារមន្ត្រី និងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១។

ក្នុងរយៈពេលមួយថ្ងៃនេះ ក្រុមការងារបច្ចេកទេស បានថតរូប និងបញ្ចូលព័ត៌មាន ទៅក្នុងប្រព័ន្ធទិន្នន័យរបស់អត្តសញ្ញាណកម្ម បានចំនួន ២៤០នាក់ ក្នុងចំណោមជនជាប់ឃុំជាង ១០០០ នាក់។
សូមបញ្ជាក់ថា នាពេលកន្លងមកក្រុមការងារក៏បានចុះមកពិនិត្យផ្ទៀងផ្ទាត់ក្រយ៉ៅដៃជនជាប់ឃុំ ជាមួយនឹងទិន្នន័យជាក់លាក់ ងាយស្រួលដល់ដំណើរការនីតិវិធីចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
គោលបំណងក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនជនជាប់ឃុំនេះគឺដើម្បីពង្រីកលទ្ធភាពឱ្យជនជាប់ឃុំមានឯកសារផ្លូវច្បាប់កំណត់អត្តសញ្ញាណច្បាស់លាស់ អាចយកទៅប្រើប្រាស់សម្រួលដល់ការរស់នៅ ប្រកបមុខរបរ ឬវិជ្ជាជីវៈស្របច្បាប់ពេញលេញ ឈានទៅកាត់បន្ថយការប្រព្រឹត្តបទល្មើសជាថ្មី៕







