ក្រសួងអប់រំ ណែនាំពីភារកិច្ចរបស់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការប្រឡងបាក់ឌុប ដើម្បីឱ្យដំណើរការប្រឡងដោយរលូន

mnr By mnr July 29, 2026

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ពិសេសគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានសម្រាប់បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន។

សេចក្ដីណែនាំរបស់ ក្រសួងអប់រំ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អាជ្ញាធរដែនដី ក្នុងការជួយសម្រួលដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡង។

មុនដំណើរការសំណេរ អភិបាលត្រូវជួយសម្រួលដល់ការដឹកជញ្ជូនហឹបប្រធានវិញ្ញាសាប្រឡងពីក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយគ្នានេះ ត្រូវចាត់មន្ត្រីទទួលបន្ទុកថែរក្សា ប្រគល់ ទទួលហឹបប្រធានវិញ្ញាសា និងហឹបដុំកិច្ចការបេក្ខជន ព្រមទាំងទទួលខុសត្រូវលើសុវត្ថិភាពហឹបទាំងនោះក្នុងអំឡុងពេលផ្ញើ៕