រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យចាត់វិធានការលើ «ក្រុមគ្រូតឿ» ដែលផលិតមាតិការើសអើងអ្នកជំងឺអេដស៍ និងអ្នកលក់អនឡាញសិចស៊ី

mnr By mnr July 31, 2026

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។

ការដាក់បញ្ជារបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសម្តែងគឺចង់បានអ្នកមើលច្រើន ក៏ប៉ុន្តែ សីលធម៌នៃការសម្តែងបានបង្កការប៉ះពាល់ និងរើសអើងអ្នកផ្ទុកជំងឺអេដស៍ និងអ្នកជំងឺអេដស៍ ដូច្នេះ ត្រូវតែហៅមកអប់រំ ណែនាំឱ្យគោរពនូវក្រមសីលធម៌ជាចាំបាច់។ ក្រសួងព័ត៌មាន ប្តេជ្ញារក្សាសុវត្ថិភាពវប្បធម៌ និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម បញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍ ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ៕