ប្រមុខក្រសួងមហាផ្ទៃ អំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ

mnr By mnr July 28, 2026

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៩៦។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវា និងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធាន សម្របសម្រួលសកម្មភាពផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ៕