ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីឥទ្ធិពលព្យុះទី១៣ «ដូលហ្វីន» លើកម្ពុជា ចាប់ពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី៣ សីហា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) ដែលនឹងជះឥទ្ធិពលដល់អាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, ព្យុះនេះបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយនឹងបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។

យោងតាមសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ «ដូលហ្វីន» នេះទេ។
ទោះជាយ៉ាងណាឥទ្ធិពលនៃព្យុះនេះនឹងធ្វើឱ្យតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%៕



