សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។

ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្រ្តរបស់កម្ពុជា៕


