សម្ដេចនាយករដ្ឋមន្ដ្រី ៖ មន្ត្រីរាជទាំងអស់ ត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀន។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅធ្វើយ៉ាងណាលុបបំបាត់ទាំងស្រុង ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ និងត្រូវមានភាពបុរេសកម្ម ឆ្លើយតបដោះស្រាយទាន់ពេលរាល់បណ្ដឹងនិងការរាយការណ៍ពាក់ព័ន្ធករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនពីសំណាក់ប្រជាពលរដ្ឋ»។
សម្ដេចធិបតី បន្ដថា គ្រប់វិស័យទាំងរដ្ឋ និងឯកជន ត្រូវខិតខំបញ្ជាបខ្លឹមសារអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅតាមស្ថាប័ន អង្គភាព និងសហគ្រាសរៀងៗខ្លួន នៅតាមគ្រប់កម្មវិធី វេទិកា រូបភាព ទម្រង់ និងមធ្យោបាយនានា ជាពិសេស ព្រឹត្តិការណ៍ដែលមានការចាប់អារម្មណ៍ពីមហាជនច្រើន ដូចជា សិល្បៈ វប្បធម៌ កីឡា និងសាសនា ជាដើម។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់ខ្លួន ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀននិងសារធាតុញៀនខុសច្បាប់នានា ដោយគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិទាំងអស់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប និងបទបញ្ជាលេខ០២ បប «គោលការណ៍សម្អាតផ្ទះ» និង «សម្អាតចកចេញពីបឹង»៕







