កម្ពុជា បន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានា នៅទីតាំងមួយចំនួនលើទឹកដីកម្ពុជា

mnr By mnr June 25, 2026

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានានៅទីតាំងមួយចំនួនលើទឹកដីកម្ពុជាដែលបានកាន់កាប់ដោយខុសច្បាប់។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង បានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។

លោក ថា សកម្មភាពទាំងនេះ បានរំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌ សីមាព្រំដែនគោក និងផ្ទុយពីបែបបទបច្ចេកទេសឆ្នាំ២០០៣ ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។

អ្នកនាំពាក្យ បន្ថែមថា សកម្មភាពទាំងនេះ ក៏ជាការបំពានលើវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

លោក បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងជាឯកតោភាគី ហើយត្រូវបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ»៕