រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជំរុញសមាជិកអាស៊ានទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមអនឡាញ

mnr By mnr June 24, 2026

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំរុញដល់សមាជិកអាស៊ានរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគ្រប់ទម្រង់ នៃបទល្មើសអន្តោប្រវេសន៍ ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ(Online Scam)។

ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន (DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញដល់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវគ្រប់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ឧក្រិដ្ឋកម្មឆ្លងដែនប្រឆាំងភេរវកម្ម និងបទល្មើសផ្សេងៗទៀត ពិសេសការឆបោកតាមអនឡាញ ។

លោកឧបនាយករដ្ឋមន្រ្តី ថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆបោកតាមអនឡាញបានក្លាយជាហានិភ័យសម្រាប់ប្រទេសនៅក្នុងតំបន់ទាំងមូល។ ទន្ទឹមគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ានក៏បានបង្កើនកិច្ចសហប្រតិបត្តិជាមួយបណ្តាប្រទេសនានា ដូចជា ចិន ជប៉ុន កូរ៉េ ក្នុងក្របខ័ណ្ឌ DGICM សំដៅដល់ការធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងការងារកុងស៊ុល។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរព័ត៌មានរវាងគ្នានឹងគ្នា ក៏ដូចជាបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសនានាផងដែរ៕