រាជរដ្ឋាភិបាល សម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត

mnr By mnr June 23, 2026

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូន សម្ដេចធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគម បាន និងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និងបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និងកម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការកោតសរសេីរ និងអបអរសាទរ ចំពោះសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លេីទីផ្សារក្នុងស្រុក។ 

ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់សមាគម ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានាឱ្យបាននូវបរិមាណផលិតកម្ម,  គុណភាព និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាពប្រកួតប្រជែងរបស់សមាគម។

 សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ 

សម្តេច ធិបតី បាន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែលរាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ 

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា៕