អភិបាលខេត្តតាកែវ មន្រ្តីប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាម ពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពអ្នកប្រើប្រាស់

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាព សាខាជុំវិញខេត្ត ក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ច្រកទ្វាអន្តរជាតិភ្នំដិន និងច្រកទ្វាដទៃទៀតក្នុងខេត្តតាកែវ គឺច្រកសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងមានទំនិញគ្រប់ប្រភេទរាប់រយមុខឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ក្នុងន័យនេះអាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីគយត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុតចំពោះមុខទំនិញគ្រប់ប្រភេទ មុននឹងនាំចូលមកដាក់លក់នៅតាមទីផ្សារនានាក្នុងខេត្តតាកែវ និងខេត្តដទៃទៀត សំដៅធានាបាននូវគុណភាពទំនិញ និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
លោក អភិបាលខេត្តតាកែវ សង្កត់ធ្ងន់ថា ប្រសិនមានមន្រ្តីណាម្នាក់លួចឃុបឃិតជាមួយឈ្មួញនាំទំនិញចូលខុសច្បាប់ និងត្រូវរងពិន័យ និងត្រូវដាក់ទោសទណ្ឌទៅតាមច្បាប់ដែលបានកំណត់ជាធរមាន៕






