ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាក្ដីសង្ឃឹម

mnr By mnr June 5, 2026

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី ១ខ្នង មានចំនួន ៥ បន្ទប់ នៃសាលាបឋមសិក្សាក្ដីសង្ឃឹម ស្ថិតនៅភូមិក្រាំងចិន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក និងពោរពេញដោយសេចក្តីជ្រះថ្លាបំផុត។

ពិធីដ៏ថ្លៃថ្លានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

សូមជម្រាបជូនថា អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់នេះ គឺជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះវិស័យអប់រំនៅតាមមូលដ្ឋាន។ សមិទ្ធផលនេះនឹងជួយលើកកម្ពស់គុណភាពសិក្សា ផ្តល់នូវបរិយាកាសរៀនសូត្រប្រកបដោយផាសុកភាព និងក្តីសង្ឃឹមថ្មីស្របតាមឈ្មោះរបស់សាលា សម្រាប់កុមារៗនៅក្នុងភូមិក្រាំងចិន ក៏ដូចជាឃុំស្តៅកោងទាំងមូល ក្នុងការក្រេបជញ្ជក់យកចំណេះដឹង ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិនានៅពេលអនាគត៕