កម្ពុជា រកឃើញវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង

ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺពុំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។

សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល Sunda pangolin (Manis javanica), សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus), សត្វទោចថ្ពាល់លឿងឦសាន Northern yellow-cheeked crested gibbon (Nomascus annamensis), សត្វកែះ Mainland serow (Capricornis sumatraensis), សត្វខ្លាឃ្មុំតូច Malayan sun bear (Helarctos malayanus) និងសត្វខ្លាពពក Mainland clouded leopard (Neofelis nebulosa)។




លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ, បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។
លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ជាសកលនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ហើយក៏បានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។
ក្នុងការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា «ទោះបីជាតំបន់សិក្សានេះមានសារៈសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»៕






