រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្តទុកដាក់ការងារបោសសម្អាតបទល្មើស Online Scams

mnr By mnr May 29, 2026

មណ្ឌលគិរី ៖ ក្នុងពិធីប្រកាសលោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាពចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ 

បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្ដេជ្ញាចិត្តដ៏អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។ 

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

លោកឧបនាយករដ្ឋមន្ត្រី បានបន្តរំលឹកអង្គពិធី អំពីភាពចាំបាច់ និងសារៈសំខាន់នៃការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់មូលដ្ឋាន ត្រូវចាត់ទុកថាជាយន្តការ និងជាគោលការណ៍គ្រឹះ ត្រូវរួមគ្នាអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាព៕