ជនជាតិចិន ១៧៣នាក់ និងជនជាតិវៀតណាម ១៣៧នាក់ទៀត ពាក់ព័ន្ធ Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើការបណ្តេញជនជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៣១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។

ក្នុងនោះមានជនជាតិចិន ១៧៣នាក់ ត្រូវបានបណ្ដេញចេញ តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ១៣៧នាក់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នរគបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។
សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា៕





