តុលាការខេត្តកំពត សម្រេចផ្តន្ទាទោសជនជាតិចិនចំនួន ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីសម្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់

mnr By mnr May 28, 2026

កំពត ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពតបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិនចំនួន៦នាក់ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង» ក្នុងបរិវេណអគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៦០០-I ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

តុលាការ បានកំណត់ទោសលើជនជាប់ចោទម្នាក់ៗដាក់ពន្ធនាគារអស់មួយជីវិតពីបទ៖ ឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងដែលជាករណីឃាតកម្មលើជនរងគ្រោះជាជនជាតិកូរ៉េខាងត្បូង ឈ្មោះ PARK MINHO) យោងតាមបញ្ញត្តិមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ៕