ប្រមុខក្រសួងមហាផ្ទៃ ៖ គិតមកដល់នេះមានជនបរទេស ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត

mnr By mnr May 28, 2026

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានជនបរទេសប្រមាណ ៣០ម៉ឺននាក់ហើយ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ដោយពាក់ព័ន្ធបទល្មើស Online Scams។

ការឱ្យដឹងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសទទួលជួបលោក PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងដោយឡែកចំពោះក្រសួងមហាផ្ទៃ បានកំពុងអនុវត្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

លោកឯកអគ្គរដ្ឋទូត បន្ដថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា។ លោក ទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពិតជាបានកំពុងជម្នះការលំបាក ពីព្រោះឯកឧត្តមផ្ទាល់ ក៏ពិបាកស្រមៃដែរ ថានឹងត្រូវធ្វើកិច្ចការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ។ 

ជាការឆ្លើយតប ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត ថា «មកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួន ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស»៕