កម្ពុជា-ឡាវ បន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានបន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ, ក្នុងក្របខណ្ឌនៃការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមបរិបទនៃការវិវត្តនូវស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចសង្គម លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើទិសដៅសំខាន់ៗមួយចំនួន រួមមាន៖
១- បន្តលើកកម្ពស់កិច្ចសហការរវាងអាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យា ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលស្របច្បាប់របស់ពលរដ្ឋសម្រាប់ធុរកិច្ច និងទេសចរណ៍។
២- បន្តសហការជំរុញអនុវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ស្របតាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របតាមស្ថានភាពរីកចម្រើននៃប្រជាសាស្ត្រ និងសេដ្ឋកិច្ចសង្គម។
សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីចូលរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ រវាងក្រសួងទាំងពីរ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ៕





