ឧក្រិដ្ឋជនអាមេរិកម្នាក់ ត្រូវបានបញ្ជូនទៅអាមេរិកវិញ បន្ទាប់ពីចាប់ខ្លួននៅកម្ពុជា

mnr By mnr February 9, 2026

ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ បានសម្របសម្រួលដោយជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ត្រឡប់ទៅអាមេរិក ក្រោយចាប់ខ្លួននៅកម្ពុជា។

ស្ថានទូតអាមេរិក បានឱ្យដឹងថា ឧក្រិដ្ឋជននេះ ត្រូវបានស្វែងរកចាប់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាន់កាប់អាវុធខុសច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។

ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសម្របសម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវបានចាប់ខ្លួនបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។

ស្ថានទូតអាមេរិក អរគុណសមត្ថកិច្ចកម្ពុជា ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។

ស្ថានទូតអាមេរិក ហៅជោគជ័យនៃប្រតិបត្តិការនេះ ជាការបញ្ជូនសារយ៉ាងច្បាស់ថា «ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹងត្រូវបានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់»៕

Leave a Reply

Your email address will not be published. Required fields are marked *