ប្រមុខការទូតកម្ពុជា ៖ អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ សម្រាប់សន្តិភាព ក្នុងតំបន់ និងពិភពលោក

mnr By mnr May 7, 2026

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អាស៊ាន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី៣១ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងបទអន្តរាគមន៍ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យ និងការមិនប្រើកម្លាំង ស្របតាមច្បាប់អន្តរជាតិ។ លោក ក៏បានសង្កត់ធ្ងន់បន្ថែមថា «អាស៊ាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដែលជាកម្លាំងចលករសម្រាប់សន្តិភាព ស្ថិរភាព និងការជឿទុកចិត្តគ្នា នៅក្នុងតំបន់ និងពិភពលោក»។

នៅចំពោះមុខការកើនឡើងនៃភាពស្មុគស្មាញស្តីពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាអំពាវនាវឱ្យមានការបង្កើនកិច្ចសហការក្នុងតំបន់ និងការចូលរួមយ៉ាងសកម្មជាមួយដៃគូ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះឱ្យមានប្រសិទ្ធភាព៕