ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវកើតឡើង ៨២ករណី បណ្តាលឱ្យមនុស្សស្លាប់ ៥០នាក់ ក្នុងរយៈពេល ១០ថ្ងៃ

ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង ៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥០នាក់ និងរងរបួសធ្ងន់ស្រាល ១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សម្រាប់ចន្លោះពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា បើតាមលោក ទូច សុឃៈ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់ ធៀបឆ្នាំ២០២៥ ថយចុះ៣ករណី អ្នកស្លាប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់។
នៅពេលនិយាយពីគ្រោះថ្នាក់ចរាចរណ៍ មូលហេតុនៃគ្រោះថ្នាក់គឺជាចំណុចរសើប។ អ្នកនាំពាក្យរងបានឱ្យដឹងថា សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ មូលហេតុបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕


