Netanyahu ថាអ៊ីស្រាអែលត្រៀមខ្លួន រួចជាស្រេចក្នុងការ «វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន» 

mnr By mnr April 9, 2026

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែមេសាថា អ៊ីស្រាអែលនៅតែត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ទោះបីជា មានការព្រមព្រៀងឈប់បាញ់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

លោក Netanyahu បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា យើងនៅតែមានគោលបំណងដែលត្រូវសម្រេច ហើយយើងនឹងសម្រេចបាននូវគោលបំណងទាំងនោះ ទាំងតាមរយៈការព្រមព្រៀងគ្នាឬតាមរយៈការប្រយុទ្ធគ្នាឡើងវិញ”។

«យើងត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅប្រយុទ្ធវិញនៅពេលណាចាំបាច់។ ម្រាមដៃរបស់ យើងតែងស្ថិតនៅលើកៃកាំភ្លើងជានិច្ច។ នេះមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាជំហានមួយ ឆ្ពោះទៅរកការសម្រេចគោលបំណងទាំងអស់របស់យើង»។

«អ៊ីរ៉ង់ចូលមកដល់ការផ្អាកសង្គ្រាមនេះដោយវេទនា និងខ្សោយជាងពេលណាៗទាំងអស់»។

លោក Netanyahu ក៏បានវាយបកទៅលើមេដឹកនាំប្រឆាំងដែលបានស្តីបន្ទោសលោកចំពោះការយល់ព្រមចំពោះបទឈប់បាញ់មុនពេលអ៊ីស្រាអែលសម្រេចគោលបំណងរបស់ខ្លួននៅក្នុងសង្គ្រាម។

ឥស្សរជនប្រឆាំងសំខាន់របស់អ៊ីស្រាអែល លោក Yair Lapid បានហៅបទឈប់បាញ់នេះថាជា «គ្រោះមហន្តរាយការទូត» សម្រាប់អ៊ីស្រាអែល ដោយនិយាយថា លោក Netanyahu បានបរាជ័យក្នុងការសម្រេចគោលដៅរបស់ប្រទេស។

ប្រភព: CNA news