ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ដើម្បីបង្ការករណីពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំខ្មែរ

mnr By mnr April 6, 2026

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដានស្ថានភាពសុខភាពប្រជាជនក្នុងដែនសមត្ថកិច្ច ជា ពិសេសជនងាយរងគ្រោះ និងសហការចាត់ចែងជាបន្ទាន់ ក្នុងករណីមានបញ្ហាសុខភាពណាមួយកើតឡើង។

ក្រសួង គូសបញ្ជាក់ថា «សូមអំពាវនាវក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ»។

លើសពីនេះ ក្រសួងសុខាភិបាល ក៏បានណែនាំប្រជាពលរដ្ឋរក្សាអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ក្រោយចេញពីបង្គន់ ក្រោយប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងសម្ភារៈចម្អិនអាហារ៕