ចិន រីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា

ភ្នំពេញ ៖ ភាគីចិន បានរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា ខណៈរយៈពេល ៣ខែ អង្កររបស់កម្ពុជាជិត ៩ម៉ឺនតោន បាននាំចូលទៅប្រទេសចិន កើន ១៤១%។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ៣ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ។ ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា»។
សូមជម្រាបថា កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីត ទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦តទៅ អង្ករក្រអូបកម្ពុជាម៉ាក «Golden King» ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ Malys Angkor» ត្រូវដាក់លក់ជាផ្លូវការ នៅតាមបណ្តាញលក់រាយ ២៤៥ទីតាំង ក្នុងទីក្រុងហុងកុង ប្រទេសចិន៕


