នាយឧត្តមសេនីយ៍ ស ថេត ប្រាប់នគរបាលការពារព្រំដែន បន្ដប្រកៀកស្មាឲ្យរឹងមាំបំផុតជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

mnr By mnr March 31, 2026

បាត់ដំបង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រកាសប្រៀបដូចជាការដាក់បទបញ្ជាទៅដល់ កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់។

ការដាក់បទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៣១០ ស្រុកសំឡូត ខេត្តបាត់ដំបង នាឱកាសបុណ្យចូលឆ្នាំថ្មី។

នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន បានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិនិងប្រជាជន។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញ និងតាមដានការវិវឌ្ឍសភាពការណ៍តាមបន្ទាត់ព្រំដែន ដោយមិនត្រូវធ្វើការធ្វេសប្រហែសឡើយ, ពង្រឹងជំនាញយុទ្ធសាស្ដ្រជាក់ស្ដែងនៅលើទីលាន, ពង្រឹងវិន័យក្នុងជួរកម្លាំងនគរបាលជាតិ និងរក្សាសាមគ្គីភាពផ្ទៃក្នុង សំដៅបន្ដធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងគ្រឿងញៀន៕