សម្ដេច នាយករដ្ឋមន្ដ្រី ចេញបទបញ្ជាឱ្យស្រាវជ្រាវបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកបើកបរ បុកមនុស្សស្លាប់ទាំង ៦នាក់ មកអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់

mnr By mnr March 31, 2026

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ។ 

ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតី បានឃេីញមានការបញ្ចេញមតិជាច្រេីន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកេីតឡេីងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារក នៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។

យោងតាមបណ្តាញសង្គម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការសម្តែងការសោកស្តាយ ដល់ជនរងគ្រោះ មានបងប្អូនមួយចំនួន ក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិ អាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។ 

ក្នុងនោះ សម្តេចធិបតី បានចូលរួមមរណៈទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នា បានទៅកាន់សុខគតិភពកុំបីឃ្លាតឡេីយ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវ ឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃេីញអ្នកដែលបេីកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ 

បន្ថែមលើនេះ សម្តេចធិបតី ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋយេីង ធ្វេីការបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ៕