រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះបណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

mnr By mnr March 30, 2026

បាត់ដំបង ៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃយ៉ាងអណោចអធម៌ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ទិសខាងត្បូង ឆ្ពោះទៅទិសខាងបាត់ដំបង ទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្ក និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕