នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើមិត្តជប៉ុន គៀងករអ្នកវិនិយោគរបស់ខ្លួន មកដាក់បណ្ដាក់ទុន នៅខេត្តស្វាយរៀងបន្ថែមទៀត

mnr By mnr March 26, 2026

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានស្នើឱ្យមិត្តជប៉ុនតាមរយៈ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងករអ្នកវិនិយោគខ្លួនមកបណ្តាក់ទុននៅខេត្តស្វាយរៀងបន្ថែមទៀត ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អភិបាលខេត្តស្វាយរៀងបានខិតខំថែទាំទាំងផ្នែកបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ ។ ក្នុងនោះអភិបាលខេត្ត បានបង្កើតឱកាសវិនិយោគសម្រាប់ជនបរទេសពីគ្រប់ជាតិសាសន៍ ដើម្បីដាក់ទុនវិនិយោគនៅខេត្តស្វាយរៀងថែមទៀតផង។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តនេះ សម្តេចធិបតី តាមរយៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជួយគៀងករក្រុមវិនិយោគជប៉ុនមកបណ្តាក់ទុននៅខេត្តស្វាយរៀង ក្រៅពីការបណ្តាក់ទុននៅខេត្តព្រះសីហនុ ។

សម្តេច នាយករដ្ឋមន្ត្រី បញ្ជាក់ថា «សូមឯកឧត្តមជួយជំរុញឱ្យវិនិយោគជប៉ុនឱ្យច្រើននៅខេត្តស្វាយរៀង ព្រោះរឿងនេះជាកង្វល់ ប៉ុន្តែឥឡូវអ្វីដែលយើងខិតខំធ្វើបានល្អ ។ សូមឱ្យខាងភាគីជប៉ុនដើម្បីយើងរួមគ្នា។ ការរៀបចំដើម្បីបង្កើតបរិស្ថាន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកកាន់បន្ថែម»៕