រដ្ឋមន្រ្តីក្រសួងរ៉ែ ស្នើប្រជាពលរដ្ឋចូលរួមប្រើអគ្គិសនីដោយសន្សំចៃ ទោះបីមានអគ្គិសនីប្រើគ្រប់គ្រាន់ក៏ដោយ

mnr By mnr March 23, 2026

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋបានស្នើទៅកាន់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។

រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។ 

លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះបានចូលរួមមួយចំណែកជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។

លោក បញ្ជាក់ថា «អីចឹងបើយើងសន្សំចៃភ្លើងតិចៗម្នាក់ តាមប៉ារ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជា ការប្រើឡាន EV ជាដើម»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព៕