ក្រសួងអប់រំ ណែនាំពីការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស

mnr By mnr March 17, 2026

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្ស។

អនុលោមតាមច្បាប់ស្តីពីការអប់រំ ដែលបានកំណត់អំពីសិទ្ធិ ករណីយកិច្ចរបស់អ្នកសិក្សា មាតាបិតា ឬ អ្នកអាណាព្យាបាល និងសិទ្ធិនិងកាតព្វកិច្ចរបស់បុគ្គលិកអប់រំ និងអនុលោមតាមកម្មវិធីសិក្សាព្រមទាំងសេចក្តីណែនាំ ស្តីពី ដំណើរការគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការ អប់រំ ដើម្បីសម្រេចបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា តាមរយៈការអនុវត្តកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា។

ក្រសួង បន្ដថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជា ភារកិច្ច និងទាមទារការចូលរួមរបស់អ្នក ពាក់ព័ន្ធទាំងអស់ រួមមាន៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល៕