លោក Trump ទាមទារឱ្យប្រទេសដទៃទៀតជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz 

mnr By mnr March 16, 2026

PALM BEACH, Flonda៖ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនាថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសចំនួន៧អំពីការជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយអំពាវនាវឱ្យ ប្រទេសទាំងនោះជួយការពារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះ ដែលទីក្រុងតេអេរ៉ង់បានរារាំងចរាចរណ៍កប៉ាល់ដឹកប្រេងភាគច្រើន។

ដោយសារជម្លោះនេះបង្កើតភាពចលាចលនៅទូទាំងមជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលពិភពលោក រង្គោះរង្គើនៅក្នុងសប្តាហ៍ទី៣នៃសង្គ្រាម។ លោក Trump បានទទូចថា ប្រទេសដែលពឹងផ្អែក យ៉ាងខ្លាំងលើប្រេងពីឈូងសមុទ្រពែក្សត្រូវមានកាតព្វកិច្ចការពារច្រកសមុទ្រនោះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ក្នុងដំណើរពីរដ្ឋ Florida ទៅកាន់ទីក្រុង Washington ថា “ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះចូលមកការពារ ទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ”។ “វាជាកន្លែងដែលពួកគេទទួលបានថាមពល របស់ពួកគេ”។

ទោះបីជាលោកបានបដិសេធមិនបង្ហាញអត្តសញ្ញាណប្រទេសទាំង៧ ដែលរដ្ឋបាលរបស់លោក បានទាក់ទងក៏ដោយ លោក Trump បាននិយាយនៅចុងសប្តាហ៍នេះថា លោករំពឹងថាប្រទេសជាច្រើន នឹងបញ្ជូននាវាចម្បាំងដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវសម្រាប់ដឹកប្រេង ២០% របស់ពិភពលោក។

លោក បានមានប្រសាសន៍នៅក្នុងសារមួយលើបណ្ដាញសង្គមថា លោកសង្ឃឹមថា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសដទៃទៀតនឹងចូលរួម។

ប្រភព: CNA news