រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ និងសិស្ស-និស្សិត ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ

បន្ទាយមានជ័យ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ទាំងអស់ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ។

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងនិស្សិត ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនាពេលកន្លងមក ហើយមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់និស្សិតទាំងអស់ បន្តយកចិត្តទុកដាក់ប្រឹងប្រែងសិក្សាក្រេបជញ្ជក់ចំណេះដឹង អភិវឌ្ឍសមត្ថភាពដើម្បីទទួលបានអនាគតភ្លឺស្វាង ហើយប្រសិនបើជួបការលំបាក និងគិតចង់បោះបង់ការសិក្សា សូមជួបពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូជាមុនសិន ដើម្បីជួយរកដំណោះស្រាយ ដោយក្រសួងនឹងនៅចាំគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាប់ជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រឱ្យអស់ពីលទ្ធភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតទាំងអស់ ដែលរងផលប៉ះពាល់ ក្នុងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ និងការចូលរួមចំណែកពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន។



លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន និងអង្គការដៃគូអភិវឌ្ឍន៍នានា ចំពោះការបន្តចូលរួមគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ពិសេសក្នុងអំឡុងជម្លោះព្រំដែនជាមួយកងទ័ពថៃជាច្រើនខែមកនេះ ដែលស្មារតីសាមគ្គីភាពរួបរួមគ្នានេះ ពិតជាចាំបាច់ និងសំខាន់ក្នុងការកសាងសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែខ្លាំងក្លា ដើម្បីក្លាយជាកម្លាំងចលករដ៏រឹងមាំ ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនឆាប់រហ័ស៕


