អភិបាលខេត្តកណ្ដាល ចេញបទបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ មកដាក់ផ្ដន្ទាទោសតាមច្បាប់កំណត់

កណ្ដាល ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍មកផ្ដន្ទាទោសតាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល។

ជាងនេះទៅទៀត លោក អភិបាលខេត្ត ក៏បានណែនាំកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីចរាចរណ៏នៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោក អភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស scam online ក្នុងមូលដ្ឋានខេត្តកណ្តាល។




លោក អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ពិសេសត្រូវគ្រប់គ្រងទីតាំងដែលបានត្រួតពិនិត្យរួច ដោយត្រូវធានាថាមិនមានបទល្មើស scam online កើតមានជាបន្តទៀតនៅទីតាំងនេះទៀតឡើយ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវថែរក្សាទុកឱ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់៕


