កម្ពុជា អំពាវនាវទៅដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ឱ្យលើកតម្កើងច្បាប់ លើការប្រើប្រាស់កម្លាំង របស់ភាគីថៃ

ភ្នំពេញ ៖ ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបានអំពាវនាវទៅដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(UN)ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ លើកងកម្លាំងប្រដាប់អាវុធថៃ ។

ការអំពាវនាវរបស់ឯកអគ្គរាជទូត អ៊ិន តារា នេះក្នុងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
ឯកអគ្គរាជទូត អ៊ិន តារា បានថ្លែងបន្តថា ក្នុងបរិបទនេះ ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោក បន្តថា ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរធ្វើឱ្យបាត់បង់ជីវិតស៊ីវិល , ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ , ការលួចប្លន់ , ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ឯកឧត្តមបញ្ជាក់ថា ខ្សែរលួសបន្លា និងកុងតឺន័រ នៅតែបន្តរារាំងការចូលទៅកាន់ផ្ទះ និងភូមិធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព និងមានកិត្តិយសកាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។
ឯកអគ្គរាជទូត អ៊ិន តារា សង្កត់ធ្ងន់ថា កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ ព្រោះមានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន៕


