អត្រាកំណើតនៅប្រទេសជប៉ុនធ្លាក់ចុះរយៈពេល ១០ ឆ្នាំជាប់ៗគ្នា

mnr By mnr February 27, 2026

តូក្យូ៖ ចំនួនកំណើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះសម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នាក្នុងឆ្នាំ ២០២៥ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី ២៦ ខែកុម្ភៈ ដែលបង្ហាញពីបញ្ហាប្រឈមសម្រាប់នាយករដ្ឋមន្ត្រី Sanae Takaichi។

ទិន្នន័យបឋមរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ទារកសរុបចំនួន ៧០៥.៨០៩ នាក់បានកើតនៅក្នុងប្រទេសជប៉ុន ដែលធ្លាក់ចុះ ២,១ ភាគរយបើធៀបពីឆ្នាំ ២០២៤។

ទិន្នន័យនេះរួមមានកំណើតរបស់ជនជាតិជប៉ុននៅប្រទេសជប៉ុន កំណើតនៅបរទេសនៅប្រទេសជប៉ុន និងទារកដែលកើតពីជនជាតិជប៉ុននៅបរទេស។

ទន្ទឹមនឹងនេះ គូស្វាមីភរិយាចំនួន ៥០៥.៦៥៦ គូបានរៀបការនៅឆ្នាំ ២០២៥ កើនឡើង ១,១ ភាគរយ ខណៈដែលចំនួននៃការលែងលះបានធ្លាក់ចុះ ៣,៧ ភាគរយមកនៅត្រឹម ១៨២.៩៦៩ ករណី។

សូមបញ្ជាក់ផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោកនេះមានអត្រាកំណើតទាបបំផុតមួយរបស់ពិភពលោក,ចំនួនប្រជាជនធ្លាក់ចុះ និងមានប្រជាជនមានវ័យចំណាស់ច្រើនផងដែរ។

ប្រភព: CNA news