សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ព្រោះជាអំពើខុសច្បាប់។

តាមសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមកុំទៅជិត កុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។ ហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលជាអំពើខុសច្បាប់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថា មានមីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាម៕







