រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ឬនឹងពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានានូវសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា មនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើលោកឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមាន អំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ច សហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ីទៅប្រទេសដើមវិញ។ លោក ក៏បានឯកភាព ជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕









