សិស្សធ្លាក់ថ្នាក់ទី ១១ម្នាក់ នៅខេត្តកំពង់ចាម ចូលមកមណ្ឌលប្រឡង ដោយគ្មានឈ្មោះប្រឡង ព្រោះខ្លាច ឪពុក-ម្តាយ ស្តីបន្ទោស

កំពង់ចាម ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ករណីសិស្សម្នាក់ ឈ្មោះ សឿន វិសា ដែលបានប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានរកឃើញថា បានចូលមកមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដោយគ្មានឈ្មោះក្នុងបញ្ជីបេក្ខជន នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែន សំបួរមាស ខេត្តកំពង់ចាម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ថា ករណីនេះកើតឡើងដោយសារសិស្សរូបនេះ បានកុហកឪពុកម្តាយថា ខ្លួនមានឈ្មោះប្រឡង ដើម្បីជៀសវាងការស្តីបន្ទោសពីពួកគាត់ ដែលមិនបានដឹងថា ខ្លួនបានធ្លាក់ថ្នាក់ទី១១ តាំងពីមុនមកម្ល៉េះ។
ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះ ក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត ក្រុមការងារ ACU ប្រចាំខេត្ត និងភាគីពាក់ព័ន្ធបាន អញ្ជើញឪពុករបស់សិស្ស មកធ្វើការធានាអះអាង និងទទួលស្គាល់កូន ព្រមទាំងទទួលស្គាល់ថា កូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១ មកម្លេះ ហើយពិតជាមិនមានឈ្មោះ ក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ ព្រមទាំងបានធ្វើកំណត់ហេតុ និងណែនាំសិស្ស សឿន វិសា មិនអោយប្រព្រឹត្តកំហុសបែបនេះបន្តទៀត ព្រមទាំងសន្យាកែខ្លួន នៅចំពោះមុខគណៈកម្មាការទាំងអស់ ព្រមទាំងចំពោះមុខឪពុករបស់ខ្លួនផងដែរ៕





