ឧបនាយករដ្ឋមន្ត្រី ស សុខា អំពាវនាវដល់ មាតា បិតា និងអាណាព្យាបាល កុំបណ្តោយឱ្យកុមារបោះបង់ការសិក្សា ឬគេចសាលារៀនឱ្យសោះ

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដោយធ្វើយ៉ាងណាកុំបណ្តោយឱ្យកុមារបោះបង់ការសិក្សា ឬគេចសាលារៀនឱ្យសោះ ចៀសវាងកុំឱ្យពួកគេប្រព្រឹត្តអំពើមិនល្អឬអាចឈានទៅប្រព្រឹត្តបទល្មើសក្នុងសង្គម។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ទៀត នៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារកាកូនសាត់ ខេត្តព្រៃវែង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា អគារសិក្សាស្ដង់ដារទាំងពីរខ្នងនេះ នឹងរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពនៃការអប់រំកុមារតូចនៅក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុតក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត»៕










