រដ្ឋមន្ត្រីវៀតណាម គាំទ្រ ក្រសួងមហាផ្ទៃកម្ពុជា ផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា

ភ្នំពេញ ៖ គំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ត្រូវបាន លោកឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់។

គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។



បើតាមលោក ឧបនាយករដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋ ឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោក រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈ ឱ្យថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ ឆ្លៀតពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាព សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស៕


