ឯកឧត្តមបណ្ឌិត ងិន បាណាល់ ៖ ការវិនិយោគលើវិស័យអប់រំ គឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតរបស់កុមារ

mnr By mnr June 23, 2026

ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានមានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺជាការចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតរបស់កុមារ និងសង្គមជាតិទាំងមូល។

ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង មានចំនួន ៥បន្ទប់ នៅសាលាបឋមសិក្សាកន្ទ្រាន ស្ថិតនៅក្នុងភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ការកសាងអគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៅក្នុងសហគមន៍ផ្ទាល់។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានលើកឡើងថា សាលារៀនមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាថ្នាលបណ្តុះនូវសីលធម៌ គុណធម៌ និងស្មារតីសាមគ្គីភាពផងដែរ។ 

ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ បានគូសបញ្ជាក់ថា «ដូចនេះ ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យអស់ពីសមត្ថភាព គោរពវិន័យសាលា និងចេះស្រឡាញ់ថែរក្សាទ្រព្យសម្បត្តិរួមនេះឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយៗទៀត ព្រោះថា «ការអប់រំ គឺជាអាវុធដ៏មានអំណាចបំផុត ដែលយើងអាចប្រើប្រាស់ដើម្បីផ្លាស់ប្តូរពិភពលោក» និងប្រែក្លាយជីវិតយើងឱ្យរីកចម្រើនរុងរឿងនាពេលអនាគត៕