អភិបាលរាជធានីភ្នំពេញ ណែនាំកងកម្លាំងទាំងអស់ ត្រូវបោសសម្អាតមេ SCAMER ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន

mnr By mnr February 11, 2026

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំថា បើចង់លុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កងកម្លាំងទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបោសសម្អាតមេ SCAMER ឱ្យអស់ពីក្នុងមូលដ្ឋាន។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានលើកថា ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេSCAMER ឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។

បន្ថែមលើនេះ លោក អភិបាល បានឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។

លោកអភិបាលរាជធានីបាន បញ្ជាក់ច្បាស់ថា ពេលនេះជាយុទ្ធនាការសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែន មានន័យថា បោះចោលការងារផ្សេង មកធ្វើតែរឿង នេះមួយនោះទេ ដូចនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវធ្វេសប្រហែសដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿ ទុកចិត្តពីប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *