ឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលចុះបង្ក្រាប

mnr By mnr June 16, 2026

កណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយ មានសាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo  ប្រហិតម៉ាក់ TSP សុទ្ធតែជាទំនិញភាគច្រើន ខូច/គ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ចំនួន ២កន្លែង។

ក្នុងនោះ មួយកន្លែង ស្ថិតចំណុចភូមិព្រៃបឹង និងមួយកន្លែងទៀត ស្ថិតនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល មានម្ចាស់ទីតាំង និងអាជីវកម្មឈ្មោះលោកស្រី ទ្រី សុភាព មានយីហោ/ម៉ាក (TSP) លក់ប្រហិតហតដកខ្មែរគ្រប់មុខ។

ក្នុងប្រតិបត្តិការនេះ លោក គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារបានរកឃើញការនាំចូល និងស្តុកទុកផលិតផលចំណីអាហារជាច្រើនមុខ មានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យ បានបង្ហាញថា ទូបង្កកមួយចំនួនមិនបានដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ បង្កឱ្យមានការសង្ស័យថា «ជាការបន្លំសាធារណជនអំពីស្ថានភាពរក្សាទុកទំនិញតាមស្តង់ដាដែលបានកំណត់»។

លោក បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ មួយវិញទៀតចំពោះទំនិញដែលត្រូវបានកំណត់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។ 

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់មន្ត្រីជំនាញក្នុងប្រតិបត្តិការនេះ គឺបានដកហូតឧបករណ៍ និងសម្ភារៈដូចជា ៖ ១.ប្រហិតចម្រុះ ១៣មុខ ទម្ងន់ ១០០០kg ,២.ប្រហិតក្តាម នំប៉ាវ ហតដក ៣មុខ ទម្ងន់ ៧៥០kg ,៣.ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់ ១០០kg ,៤.ប្រហិតម៉ាក់ TSP ទម្ងន់ ៣០០kg ,៥.ប្រហិតហតដក (គ្មានម៉ាក់) ២៥កេស ទម្ងន់ ១៥៥០Kg សរុប ៨៨៩០Kg ដើម្បីយកទៅពិនិត្យ និងកម្ទេចចោល៕