រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកដល់មន្ត្រីរាជការ ធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ ដល់ពលរដ្ឋ

mnr By mnr June 16, 2026

កំពត ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធឡើងនៅបរិវេណឆ្នេរព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍គូសបញ្ជាក់ថា មន្ត្រីរាជការ គឺជាតួអង្គស្នូលដ៏សំខាន់បំផុតក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីធ្វើជាគំរូដល់ពលរដ្ឋអនុវត្តតាម។ 

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដោយក្តីព្រួយបារម្ភថា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងស្ទើររាល់ថ្ងៃនេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ជីវិត និងរងរបួសយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ 

ប្រមុខក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្រុមហ៊ុនដឹកជញ្ជូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានអំពាវនាវថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ១១ចំណុច ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដើម្បីតម្កល់ឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ។ 

សូមរំលឹកថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ មូលហេតុចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ទូទាំងប្រទេស រួមមាន ការបើកបរលើសល្បឿនកំណត់ ៤៦% មិនគោរពសិទ្ធិអាទិភាព ២២% មិនប្រកាន់ស្តាំ ១២% វ៉ាជែងមិនប្រុងប្រយ័ត្ន ៧% បត់មិនត្រឹមត្រូវ ៥% បើកបរក្នុងស្ថានភាពស្រវឹង ៤% ល្មើសសញ្ញាចរាចរណ៍ ២% ងងុយដេក ១% និងកត្តាបច្ចេកទេសយានយន្ត ១%៕