អភិបាលខេត្តស្ទឹងត្រែង ព្រមានដល់មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ហាមពាក់ព័ន្ធជាដាច់ខាតនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

mnr By mnr June 12, 2026

ស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញវិធានការណែនាំ និងព្រមានជាចំហដល់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជៀសឱ្យឆ្ងាយជាដាច់ខាតពីការជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បន្ទាប់ពីរកឃើញថា ក្រុមឧក្រិដ្ឋជនបាននិងកំពុងផ្លាស់ប្តូរទម្រង់ថ្មី ដោយបំបែកជាក្រុមតូចៗជ្រកកោនក្រោមរូបភាពផ្ទះជួល ផ្ទះសំណាក់ និងសហគ្រាសឯកជន។

ការថ្លែងព្រមាន និងដាស់តឿនចំៗបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូងខេត្ត មន្ត្រីនគរបាលយុត្តិធម៌ និងម្ចាស់អាជីវកម្ម សហគ្រាស ជិត ៣០០នាក់។

នៅក្នុងឱកាសនោះ លោក សរ សុពុត្រា បានសង្កត់ធ្ងន់ និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ទៅកាន់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ថា ត្រូវជៀសឱ្យឆ្ងាយពីគ្រប់បទល្មើស និងមិនត្រូវយកតួនាទីទៅកាង ឬបំរើផលប្រយោជន៍ឱ្យក្រុមខុសច្បាប់ឡើយ។ លោកបញ្ជាក់ច្បាស់ៗថា នឹងមិនមានការលើកលែងជាដាច់ខាត ចំពោះមន្ត្រីណាដែលធ្វើខុស យកបទល្មើសមកបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ទាក់ទិននឹងល្បិចកលរបស់ក្រុមឧក្រិដ្ឋជន លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា បើទោះបីជាខេត្តស្ទឹងត្រែងជាតំបន់ឆ្លងកាត់ ប៉ុន្តែបច្ចុប្បន្នក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) បានផ្លាស់ប្តូរទម្រង់ថ្មី ដោយបំបែកជារូបភាពតូចៗ ជ្រកក្រោមស្លាកផ្ទះស្នាក់នៅ ផ្ទះសំណាក់ ផ្ទះជួល ឬតាមសហគ្រាស និងក្រុមហ៊ុននានា។ កត្តានេះទាមទារឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយបំផុត៕