រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ប្រព័ន្ធ CBMS-2 នឹងពង្រឹងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ពិសេសទប់ស្កាត់បទល្មើសនានា

សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា-ជំនាន់ទី២ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។



លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា»។

ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល និងពង្រឹងសន្តិសុខជាតិ តាមរយៈបរិវត្តកម្មឌីជីថល ស្របតាម «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៃរាជរដ្ឋាភិបាលនីតិកាលទី៧។
បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ក្នុងគោលដៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ដើម្បីធានាឱ្យការប្រើប្រាស់ប្រព័ន្ធ CBMS-2 ដំណើរការប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យបន្តបណ្តុះបណ្តាលផ្នែកភាសាបរទេស និងបច្ចេកវិទ្យាឌីជីថល ដើម្បីធានាការប្រើប្រាស់ប្រព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវការពារសុវត្ថិភាពប្រព័ន្ធឱ្យបានម៉ត់ចត់ ដើម្បីបង្ការការជ្រៀតចូល ឬការយកព័ត៌មានទៅប្រើប្រាស់ដោយខុសច្បាប់៕







