កម្ពុជា ជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ

mnr By mnr June 2, 2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្តការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុលោមតាមច្បាប់អន្តរជាតិ។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយ សន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែបានគោរព ជាដាច់ខាត។

អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និង អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក៕