សម្តេចតេជោ ៖ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ជាអគាររដ្ឋធំជាងគេនៅកម្ពុជា ទំហំរហូតដល់ជាង ១៥ម៉ឺនម៉ែត្រការ៉េ

ភ្នំពេញ ៖ ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានកោតសរសើរថា អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺជាអគាររដ្ឋធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡារហូតដល់ទៅជាង១៥ម៉ឺនម៉ែត្រការ៉េ។

ថ្លែងលើអង្គវេទិកា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អគារវិមានសន្តិភាពមានតែ៥ម៉ឺនម៉ែត្រការរ៉េទេ វិមាន៧មករាមានតែ៥ម៉ឺន៧ពាន់ម៉ែត្រការ៉េទេ អគារនេះមានជាង១៥ម៉ឺនម៉ែត្រការ៉េ។ ដូច្នេះអាចនិយាយបានថា ក្នុងចំណោមអគាររដ្ឋទាំងអស់ គឺមជ្ឈមណ្ឌលពន្ធដារនេះ គឺជាអគារដែលធំជាងគេក្នុងចំណោម អគាររដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ, អគារនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលកើតចេញពីគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រមុខរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើប្រៀបធៀបជាមួយអគាររដ្ឋធំៗផ្សេងទៀត អគារវិមានសន្តិភាពមានផ្ទៃក្រឡាប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ ខណៈអគារវិមាន ៧មករា មានប្រមាណ ៥ម៉ឺន ៧ពាន់ម៉ែត្រការ៉េ។ ដោយឡែក អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ មានផ្ទៃក្រឡាលើសពី ១៥ម៉ឺនម៉ែត្រការ៉េ ដែលធ្វើឲ្យអគារនេះក្លាយជាអគាររដ្ឋធំជាងគេនៅកម្ពុជា៕


