ក្រពើភ្នំ ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ដើម្បីគាំទ្រការស្តារប្រភេទសត្វនៅកម្ពុជា ខណៈក្រពើភ្នំជាប្រភេទជិតផុតពូជបំផុត

mnr By mnr May 21, 2026

មណ្ឌលគីរី ៖ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពី ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។

កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជា ជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។

កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើ វិទ្យាសាស្ត្រ។ ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក៕