ក្រសួងឧស្សាហកម្ម ណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋមនៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការបង្កើនការយល់ដឹងអំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី (EVs) នៅកម្ពុជា ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនីមួយចំនួនមានការយល់ដឹងពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។



យោងតាមសេចក្ដីណែនាំរបស់ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានជម្រាបជូនម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត និងនាំចូលតាមគ្រប់រូបភាពនូវយានយន្តអគ្គិសនីគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារនៅ កម្ពុជាទាំងអស់ ថា បច្ចុប្បន្ននេះ ក្រសួងសង្កេតឃើញថាអ្នកប្រើយានយន្តអគ្គិសនី មួយចំនួនមានការយល់ដឹងពីស្តង់ដារសុវត្ថិភាពនៃការប្រើប្រាស់នៅមានកម្រិត ដែលអាចបង្កហានិភ័យដល់សុវត្ថិភាពអ្នក បើកបរ អ្នករួមដំណើរ អ្នកដំណើរតាមផ្លូវសាធារណៈ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គម។

ដើម្បីការពារ ទប់ស្កាត់ និងបញ្ចៀសបាននូវហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុដូចបានរៀបរាប់ ខាងលើ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព នៃការប្រើប្រាស់យានយន្ត អគ្គិសនីគ្រប់ប្រភេទ មុននឹងចរាចរលក់នៅលើទីផ្សារ៕


